ព្រះបាទនរោត្តមសីហនុ ព្រះវររាជបិតាឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គទ្រង់បានឡើងសោយរាជ្យជាស្ដេចនៃព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុងឆ្នាំ១៩៤១។ ព្រះអង្គមានស្នាព្រះហស្ដដ៏អស្ចារ្យហើយស្នាព្រះហស្ដដ៏មិនអាចកាត់ថ្លៃបានជាងគេនោះគឺ ការទាមទារយកឯករាជ្យជូនជាតិមាតុភូមិពីអាណាព្យាបាលបារាំងដោយជោគជ័យក្នុងឆ្នាំ១៩៥៣ហើយនិងស្នាព្រះហស្ដផ្សេងៗទៀតដូចជាខាងសិល្បះជាដើម។ ព្រះអង្គទ្រង់បានសោយទីវង្គត់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ថ្ងៃស្អែកនេះជាថ្ងៃរំលឹកខួបនៃការយាងចូលទីវង្គត់របស់ព្រះអង្គ ដូច្នេះខ្ញុំបាទចង់និយាយរំលឹកអំពីស្នាព្រះហស្ដរបស់ព្រះបាទនរោត្តមសីហនុក្នុងវិស័យភាពយន្តម្ដង។
ព្រះបាទនរោត្តមសីហនុត្រូវបានប្រជានរាស្ត្រចាត់ទុកព្រះអង្គជាព្រះបិតាឯករាជ្យជាតិខ្មែរហើយក៏ចាត់ទុកព្រះអង្គជាផលិតករភាពយន្តដ៏អស្ចារ្យមួយរូបក្នុងសម័យសង្គមរាស្ត្រនិយមផងដែរ។ ព្រះអង្គបានផលិតភាពយន្តយ៉ាងតិចចំនួនជាង៥០ភាពយន្តក្នុងសម័យសង្គមរាស្ត្រនិយម។ ព្រះអង្គសព្វព្ររាជហឬទ័យទៅលើវិស័យសិល្បះ ជាពិសេសគឺវិស័យភាពយន្តនេះតែម្ដង។ ទើបក្នុងអំឡុងពេលព្រះអង្គបានឡើងគ្រងរាជក្នុងឆ្នាំ១៩៤១ហើយ ព្រះអង្គបានបញ្ចូនសិស្សនិស្សិតខ្មែរទៅសិក្សាអំពីរបៀបផលិតខ្សែភាពយន្តពីបរទេស(ប្រទេសបារាំង) ក្នុងបំណងបើកវិស័យខ្សែភាពយន្តអោយបានទូលំទូលាយនាពេលអនាគត។ ស្នាព្រះហស្ដដំបូងហើយជោគជ័យបំផុតក្នុងវិស័យខ្សែភាពយន្តរបស់ព្រះអង្គ គឺរឿងដែលមានចំណងជើងថា "អប្សរា"ដែលបានផលិតឡើងក្នុងឆ្នាំ១៩៦៦ មិនត្រឹមតែប៉ុណ្ណោះព្រះអង្គទ្រង់បានចាត់ព្រះកាយចូលសម្ដែងជាតួអង្គក្នុងខ្សែភាពយន្ត៨ទៀតដែលបានផលិតក្នុងចន្លោះឆ្នាំ១៩៦៦ ដល់ ឆ្នាំ១៩៦៩។
អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ស្នាព្រះហស្ដរបស់ព្រះអង្គក្នុងខ្សែភាពយន្តដែលមានចំណងជើងជាភាសាអង់គ្លេសថា "The Enchanted Forest" ជាខ្សែភាពយន្តដែលបានជាប់ចំណាត់ថ្នាក់លេង៥ ក្នុងពិធីប្រកួតខ្សែភាពយន្ត Moscow International Film Festival ក្នុងឆ្នាំ១៩៦៧។ ក្នុងឆ្នាំ១៩៦៨ ព្រះបាទនរោត្តសីហនុ ព្រះអង្គបានដាក់ពិធីប្រកួតខ្សែភាពយន្តដែលមានឈ្មោះថា Phnom Penh International Film Festival ក្នុងទីក្រុងភ្នំពេញដោយបើកទទួលយកខ្សែភាពយន្តមិនថានៅក្នុងស្រុកឬនៅក្រៅស្រុកអោយចូលប្រកួតដោយសេរីនិងយុត្តិធម៍។ ព្រះអង្គទ្រង់បានលាឈប់ពីវិស័យខ្សែភាពយន្តក្នុងឆ្នាំ២០១០ ហើយខ្សែភាពយន្តចុងក្រោយរបស់ព្រះអង្គដែលបានផលិតមានចំណងជើងជាភាសាអង់គ្លេសថា "Miss Asina"។
តើអ្នកទាំងអស់គ្នានឹកទ្រង់ដែរឬទេ? បើសិនជាអាចសូមចែករំលែកអត្ថបទនេះអោយមិត្តអ្នកទាំងអស់គ្នាបានស្វែងយល់ពីទេពកោសល្យរបស់ព្រះអង្គផង។ ពីខ្ញុំបាទ Babyuth Mercury។